Tuesday, November 25, 2014

មូលហេតុដែល Nokia អាច​ផលិត ថេប្លេត N1 បាន ដោយ​មិន​ខ្វល់​ពី Microsoft

        Nokia បានធ្វើអោយអ្នកគាំទ្រផលិតផលខ្លួន​ជា​ច្រើន​មាន​ភាព​សោក​ស្តាយ​ជា​ខ្លាំង បន្ទាប់​ពី​ដឹង​ថា​ស្លាក​សញ្ញា​នេះ​នឹង​មិន​មាន​បង្ហាញ​ខ្លួន​នៅ​លើ​ទូរស័ព្ទ​ទៀត​នោះ​ទេ ព្រោះ​អី​ខ្លួន​បាន​លក់​មុខ​ជំនួញ​ទាំង​មូល​ទៅ​អោយ Microsoft បាត់​ទៅ​ហើយ។ ក៏​ប៉ុន្តែ​កាល​ពី​អាទិត្យ​មុន​នេះ ក្រុមហ៊ុន Nokia បែរ​ជា​បាន​ដាក់​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​មួយ​ទៀត ដែល​វា​គឺ​ជា​ថេប្លេត Android មួយ​ទៅ​វិញ ដែល​ធ្វើ​អោយ​ប្រិយមិត្ត​មួយ​ចំនួន​មាន​ភាព​ងឿង​ឆ្ងល់​ជា​ខ្លាំង ថា​ហេតុ​អ្វី​វា​អាច​ទៅរួច។




        នៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Nokia និង Microsoft ក្រុមហ៊ុន Nokia គ្មាន​សិទ្ធិ​បង្កើត​ស្មាតហ្វូន រឺ​ថេប្លេត​ដោយ​ខ្លួន​ឯង​នោះ​ទេ លើក​លែង​តែ​ផលិត​ផល​ដទៃ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Nokia មាន​យុទ្ធសាស្ត្រ​ពិសេស​មួយ គឺ​ខ្លួន​គ្រាន់​តែ​ជា​អ្នក​រចនា​រចនាបថ​របស់​ថេប្លេត N1 នេះ​ប៉ុណ្ណោះ រួច​លក់​ស្លាក​សញ្ញា (NOKIA) ទៅ​អោយ​រោងចក្រ Foxconn។ Foxconn មាន​តួនាទី​ផលិត​នូវ​អ្វី​ដែល Nokia បាន​ផ្តល់​ហើយ រួច​រោងចក្រ​នេះ​នឹង​ធ្វើ​ជា​អ្នក​ចែក​ចាយ ផ្គត់​ផ្គង់​ដោយ​ផ្ទាល់។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា រោងចក្រ Foxconn នឹង​រ៉ាប់​រង​ទាំង​ការ​ផលិត នាំ​ចេញ និង​ធានា​ជូន​នូវ​គុណភាព​របស់​ផលិត​ផល​នេះ ហើយ​ក្រុមហ៊ុន Nokia វិញ​អាច​រក​ប្រាក់​ចំណូល​តាម​រយៈ​លក់​ស្លាក​យីហោ (license)។ សូម​បញ្ជាក់​ផង​ដែរ​ថា Foxconn គឺ​ជា​រោចក្រ​ដែន​ដី​ប្រទេស​ចិន​ដ៏​ល្បី​ល្បាញ​មួយ ក្នុង​ការ​ផ្គត់​ផ្គង់ និង​ផលិត​គ្រឿង​គ្រៅ​អោយ​ក្រុមហ៊ុន​ធំៗ​ដូចជា Apple និង BlackBerry ជាដើម។



អ្វីដែលធ្វើអោយមហាជនមានភាពចាប់អារម្មណ៍​ទៅ​លើ​ថេប្លេត​នេះ គឺ​វា​មាន​រូប​រាង​ស្រស់​ស្អាត ស្រដៀង​ទៅ​នឹង iPad mini ខ្លាំង​ណាស់ ទាំង​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ។ N1 មាន​អេក្រង់​ទំហំ 7.9 អ៊ីញ​ប្រភេទ IPS LCD ដែល​មាន​កម្រិត​ភាព​ច្បាស់ 1536 x 2048 ភិចសែល រ៉េម​ទំហំ 2GB ប្រើ​ប្រាស់​ស៊ីភីយូ Intel Atom (64-bit) Z3580 Quad-core 2.3Ghz អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ 32GB កាមេរ៉ា​ក្រោយ​ទំហំ 8 មេហ្គា​ភិចសែល មុខ​ទំហំ 5 មេហ្គា​ភិចសែល ថ្ម​ទំហំ 5300 mAh និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android Lollipop 5.0 ប្រើ​ផ្ទៃ​អ៊ីនធឺហ្វេស Z Launcher។
លក្ខណៈពិសេសមួយដែលខ្ញុំចាប់អារម្មណ៍​នឹង​ថេប្លេត​នេះ​គឺ​វា​ប្រើ​ប្រាស់​រន្ធ USB ប្រភេទ C ដែល​យើង​អាច​ដោត​បាន​ទាំង​ផ្នែក​ខាង​លើ​ក៏​បាន ក្រោម​ក៏​បាន ស្រដៀង​ទៅ​នឹង​ឌុយ​ដោត Lightning USB របស់​ផលិត​ផល Apple ដែរ។ N1 Tablet ជា​ឧបករណ៍​ដំបូង​ហើយ​ដែល​ប្រើ​ប្រាស់​រន្ធ​ប្រភេទ​នេះ ខុស​ពី​ឧបករណ៍ Android ដទៃ។



         សរុបសេចក្តីមក ទោះបីជា Nokia នៅតែ​មាន​ឈ្មោះ​ជាប់​លើ​ថេប្លេត រឺ​ស្មាតហ្វូន​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​អ្វីៗ​គឺ​មិន​ដូច​មុន​នោះ​ទេ។ រាល់​ផលិត​ផល​ទាំង​អស់​នឹង​ត្រូវ​ផ្គត់​ផ្គង់​ដោយ​រោងចក្រ Foxconn ហើយ​រោងចក្រ​នេះ​នឹង​លក់​ផលិត​ផល​ខ្លួន​នៅ​តែ​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា​ចិន និង​ទីផ្សារ​អឺរ៉ុប​មួយ​ចំនួន។ ថេប្លេត Nokia N1 នឹង​មាន​តម្លៃ​ប្រមាណ 249 ដុល្លារ​សហរដ្ឋ​អាមេរិច ដែល​វា​នឹង​មាន​លក់​នៅ​ប្រទេស​ចិន​មុន​គេ​ក្នុង​ពាក់​កណ្តាល​ខែ​កុម្ភៈ ហើយ​យើង​ក៏​មិន​ច្បាស់​ថា​វា​នឹង​មាន​លក់​នៅ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នោះទេ។